ជីវិតរីករាយ-Behappy

គិតល្អ និយាយល្អ ធ្វើតែអំពើល្អ នឹងបានផលល្អ..

២៧ឆ្នាំហើយខ្ញុំ ខែមិថុនា 20, 2013

Filed under: ផ្សេងៗ — សុផានី @ 6:40 ល្ងាច

ថ្ងៃនេះ (២០-មិថុនា-២០១៣) ជាថ្ងៃកំនើតខ្ញុំគំរប់២៧ឆ្នាំ។ ពេលវេលាពិតដើរលឿនណាស់ មួយពព្រិចភ្នែកកន្លងហួសអស់២៧ឆ្នាំ ខ្ញុំក៏ធំយ៉ាងនេះទៅហើយ ហើយក៏មានអារម្មណ៍ថាបានឆ្លងកាត់បទពិសោធន៍ជីវិតប្រហែលជា៤០ភាគរយ ត្បិតថាតិចតួចតែក៏អាចយកវាមកធ្វើជាយានដើម្បីតម្រង់ទិសដៅសម្រាប់អនាគតបានដែរ។
ចាំបានថា ម៉ាក់ខ្ញុំធ្លាប់និយាយថាពេលដែលខ្ញុំកើត គឺជាពេលវេលាដ៏លំបាក ព្រោះជាកូនដំបូង (ខ្ញុំមានបងប្អូនបួននាក់) ហើយពេលនោះប៉ារបស់ខ្ញុំបានចេញទៅរកស៊ីនៅឯខេត្តមណ្ឌលគិរី (ខ្ញុំកើតនៅខេត្តក្រចេះ) ម្យ៉ាងទៀតជីវភាពរស់នៅនាពេលនោះក៏យ៉ាប់យឺតណាស់ដែរ ព្រោះប៉ាខ្ញុំមិនបានផ្តល់ដំណឹងអីបន្តិច ដូច្នេះហើយទើបក្រោយពេលបង្កើតខ្ញុំបានមួយអាទិត្យ ម៉ាក់ខ្ញុំក៏ត្រូវចេញរកស៊ីដោយខ្លួនឯង កាលនោះម៉ាក់ថារស់នៅក្នុងផ្ទះសាច់ថ្លៃ ដូច្នេះក៏ត្រូវជួយការធ្វើការងារផ្ទះផង ជួលកាលត្រូវរែកទឹកដាក់ពាងទាំងសសៃរខ្ចីផងក៏មាន។ ដោយពិបាកក្នុងការរស់នៅបែបនេះ ហើយក៏មិនចង់ឲ្យទារកដែលទើបតែកើតមកក្លាយជាកូនកំព្រារឳពុក ពេលខ្ញុំមានអាយុមួយខែ ម៉ាក់ក៏នាំខ្ញុំទៅខេត្តមណ្ឌលគិរីដើម្បីរកប៉ាខ្ញុំ។ ក្រោយពេលទៅដល់មណ្ឌលគិរី ប៉ាម៉ាក់ខ្ញុំបានជួបជុំគ្នា ហើយខិតខំប្រឹងប្រែងរកស៊ីរហូតក្លាយជាអ្នកមានប្រចាំខេត្ត មនុស្សស្ទើរទូទាំងខេត្តអត់មានអ្នកណាដែលថាមិនស្គាល់ឈ្មោះប៉ាម៉ាក់ខ្ញុំទេ ពេលខ្ញុំទៅណាមកណាក៏មិនខ្លាចវង្វេងដែរ ព្រោះឲ្យតែប្រាប់ឈ្មោះប៉ាម៉ាក់ខ្ញុំ គេនឹងជូនដល់ផ្ទះ។
ពេលវេលាដើរទៅមុខមិនត្រឡប់ គ្រប់យ៉ាងប្រែប្រួលមិនទៀងទាត់ ធ្វើឲ្យពេលវេលាដ៏មានសុភមង្គលបំផុតនៃគ្រួសារខ្ញុំបានរលាយបាត់តែក្នុងពេលមួយពព្រិចភ្នែក។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩៦ គ្រប់យ៉ាងបានផ្លាស់ប្តូរ ទីបំផុតពាក្យកូនកំព្រារដែលម៉ាក់ខ្ញុំមិនចង់ឲ្យពួកខ្ញុំជួប នៅតែជួប។ តាំងពីពេលនោះគ្រួសារខ្ញុំក៏ធ្លាក់ខ្លួនក្រ ខ្ញុំធ្លាប់ដើរទូលនំកង នំក្រូចលក់ ក៏ធ្លាប់ដើរស៊ីឈ្នួលកាប់់អុស ជំរះស្មៅចំការ ពេលរៀនអនុវិទ្យាល័យបន់ឲ្យតែដល់ម៉ោងលឹបនឹងអាលទៅជំរះស្មៅចំការឲ្យគេ។ ចាប់តាំងពីពេលនោះមកពួកខ្ញុំក្លាយជាមនុស្សដែលគេមើលលែងឃើញ សូម្បីតែមនុស្សដែលធ្លាប់តែចេញចូលផ្ទះខ្ញុំ នឹងមនុស្សដែលប៉ាម៉ាក់ខ្ញុំធ្លាប់ជួយសង្គ្រោះឲ្យផុតពីភាពក្រីក្រ អត់ឃ្លានក៏ធ្វើមិនស្គាល់ពួកខ្ញុំ ហើយថែមទាំងប្រមាថពួកខ្ញុំទៀតផង ធ្វើឲ្យខ្ញុំយល់ថាមនុស្សភាគច្រើនគឺស្គាល់តែលុយ នឹងអំណាច មិនគិតពីគុណធម៌ សច្ចធម៌ រឹតតែគ្មានក្រមសីលធម៌អីទាំងអស់ មួយរយៈនោះខ្ញុំស្គាល់ពីសារធាតុមនុស្សកាន់តែច្បាស់។ ពាក្យចាស់ថាទុក្ខជាន់លើទុក្ខ ឆ្នាំ១៩៩៨ ខ្ញុំមានជំងឺចម្លែកម្យ៉ាងដែរត្រូវធ្វើការវះកាត់បន្ទាន់ ពេលនោះម៉ាក់ខ្ញុំបាននាំទៅព្យាបាលនៅមន្ទីរពេលមួយនៃទីក្រុងភ្នំពេញ គ្រាន់តែថ្លៃមុខកាំបិតក៏ត្រូវចំណាយអស់ជិត១០០០ដុល្លា ពេលនោះគ្រួសារខ្ញុំក្រណាស់ រកព្រឹកខ្វះល្ងាច មានលុយឯណាបង់ថ្លៃព្យាបាល ហើយពេលដែលគ្រូពេទ្យនៅមន្ទីរពេទ្យនោះដឹងថាពួកខ្ញុំគ្មានលុយបង់ថ្លៃព្យាបាលក៏បាននិយាយថា បើគ្មានលុយទៅណាក៏ទៅៗ កុំនៅទើសដៃទើសជើង ខាតពេលវេលាគេធ្វើការ។ ស្តាប់លឺហើយទឹកភ្នែកម្តាយខ្ញុំហូរដូចភ្លៀងរលឹមអង្វរសុំការអាណិតពីគ្រូពេទ្យនៅទីនោះ តែគ្មានប្រយោជន៏ នៅពេលនោះខ្ញុំពិតជាឈឺចាប់ អាណិតម៉ាក់ខ្ញុំយ៉ាងខ្លាំង ហើយក៏អស់សង្ឃឹម។ តែឱកាសជួបសំណាងល្អមិនប្រាកដថាគ្មាន ដូចគេថាធ្វើល្អបានល្អ ម៉ាក់ខ្ញុំតែងតែជួយអ្នកដទៃដោយគ្មានលក្ខខ័ណ្ឌ ដូច្នេះហើយទើបទេវតាមិនផ្តាច់ផ្លូវមនុស្សល្អ។ ក្នុងខណៈពេលដែលអស់សង្ឃឹមទៅហើយនោះ ពួកខ្ញុំក៏បានជួបនឹងវេជ្ជបណ្ឌិតជនជាតិបារាំងម្នាក់ ហើយក៏ជានាយកនៃផ្នែកវះកាត់នៃមន្ទីរពេទ្យនោះ គាត់បានជួយធ្វើការវះកាត់ នឹងព្យាបាលឲ្យខ្ញុំដោយមិនយកលុយសូម្បីតែមួយកាក់ មួយសេន ជាហេតុធ្វើគ្រូពេទ្យមួយចំនួនក្នុងមន្ទីរពេទ្យ មានគំនិតគិតផ្តេសផ្តាសមកលើពួកខ្ញុំ។ ក្រោយពេលដែលខ្ញុំចេញពីមន្ទីរពេទ្យ ខ្ញុំបានស្បថក្នុងចិត្តថា ខ្ញុំនឹងខិតខំប្រឹងប្រែងរកលុយដោយមិនឲ្យសមាជិកក្នុងគ្រួសារខ្ញុំណាម្នាក់ជួបប្រទះនូវការប្រមាថដូចរូបខ្ញុំក្នុងពេលនោះឡើយ។ ឆ្នាំ២០០២ ម៉ាក់ខ្ញុំបានផ្លាស់មករកស៊ីនៅទីក្រុងភ្នំពេញ ដោយយកខ្ញុំនឹងប្អូនប្រុសពៅខ្ញុំមកជាមួយ ហើយផ្ញើប្អូនស្រីខ្ញុំពីរនាក់ទៀតនៅជាមួយគ្រួសារពូខ្ញុំ ពេលនោះខ្ញុំទើបតែបញ្ចប់អនុវិទ្យាល័យ។ មកដល់ទីក្រុងភ្នំពេញ ខ្ញុំក៏ដាក់ពាក្យចូលធ្វើជាគ្រូបង្រៀនប្អូនៗថ្នាក់មត្តេយ្យនៅសាលាឯកជនមួយក្បែរពោធិ៍ចិនតុង ខ្ញុំបង្រៀនបណ្តើររៀនវិទ្យាល័យបណ្តើរ។ ចាំបានថាប្រាក់ខែដែលខ្ញុំទទួលបាននាពេលនោះត្រឹមតែ៣០ដុល្លាប៉ុណ្ណោះក្នុងមួយខែ។ ពេលបើកប្រាក់មកបានត្រឹមតែទូរទាត់ថ្លៃបន្ទប់ជួល គឺសឹងមិនគ្រាន់ ពេលនោះម៉ាក់ខ្ញុំធ្វើជាងកាត់ដេរ។ ក្រោយពេលបញ្ចប់វិទ្យាល័យ ខ្ញុំក៏បន្តចូលរៀនសាកលវិទ្យាល័យ ហើយដើររកការងារគ្រប់ទីកន្លែង ក្រោយមកមិត្តរួមថ្នាក់ខ្ញុំម្នាក់បាននែនាំឲ្យចូលធ្វើការនៅរោងចក្រមួយកន្លែងក្នុងស្រុកអង្គស្នួល។ ការងារជាកម្មកររោង (បុគ្គលិកការិល័យ) ទទួលបានប្រាក់ខែ៧០ដុល្លាក្នុងខែ ក៏អាចជួយសម្រាលបន្ទុកម៉ាក់ខ្ញុំបានបន្តិច តែពេលខ្លះត្រូវថែមម៉ោងរហូតដល់យប់ជ្រៅ ពេលវេលាចេញចូលមិនទៀងទាត់ ខ្ញុំក៏សម្រេចចិត្តព្យួរការសិក្សាមួយរយះ។ ធ្វើការរោងចក្របានជាងមួយឆ្នាំ ដោយស្តាយការសិក្សាខ្ញុំក៏បានស្វែងការងារថ្មីក្នុងទីក្រុងវិញ ពេលនោះខ្ញុំក៏បានចូលធ្វើជាជំនួយការគណនេយ្យករក្នុងសណ្ឋាគារមួយដោយទទួលបានប្រាក់ខែ១៥០ដុល្លាក្នុងមួយខែ តែការងារក្នុងសណ្ឋាគារគ្មានពេលសម្រាក គ្មានស្គាល់សៅរ៍ អាទិត្យ ខ្ញុំក៏ស្វែងរកការងារថ្មី ក្រោយមកមិត្តភក្តិម្នាក់ដែលស្គាល់គ្នាតាមរយៈការលេង Skype បាននែនាំខ្ញុំឲ្យចូលធ្វើការក្នុងក្រុមហ៊ុនរបស់គាត់ ខ្ញុំក៏ចាប់ទទួលបានប្រាក់ចំណូលគ្រាន់បើបន្តិច ដោយអាចគ្រប់គ្រងលើថ្លៃចាយវាយក្នុងផ្ទះ ហើយក៏ឆ្លៀតផ្ញើទៅឲ្យប្អូនៗនៅឯខេត្តមណ្ឌលគិរីផងដែរ។ ត្បិតថាបែបនេះ តែខ្ញុំនៅតែផ្លាស់ប្តូរការងារញឹកញាប់ព្រោះការចំនាយចេះតែកើនឡើង ថ្លៃសាំង ថ្លៃឈ្នួលផ្ទះ ថ្លៃម្ហូបអាហារ ថ្លៃទឹក ថ្លៃភ្លើង គឺសុទ្ធតែឡើងមិនឈប់ ដូច្នេះហើយទើបខ្ញុំត្រូវផ្លាស់ប្តូរការងារមិនឈប់ដែរ។ ការរស់នៅដោយជួលផ្ទះគេពិតជាលំបាកណាស់ ម្ចាស់ផ្ទះដឹងត្រឹមតែថាដល់ខែគឺយកលុយ មិនខ្វល់ថាផ្ទះនោះត្រូវទឹកភ្លៀងសាចឬលេចជ្រាបចូលនោះទេ ពួកខ្ញុំក៏ផ្លាស់ប្តូរផ្ទះជួលញឹកញាប់ដែរ គិតៗទៅវាពិតជាដូចចកដែលរសាត់គ្មានកោះត្រើយ។ ទំរាំដល់ពេលដែលប្អូនៗខ្ញុំចប់មហាវិទ្យាល័យរកបានការងារ មានប្រាក់ខែ បូករួមប្រាក់ដែលខ្ញុំធ្វើការប៉ុន្មានឆ្នាំ ខំត្បិតត្បៀត ស៊ីអត់ ស៊ីឃ្លាន នឹង ពេលខ្លះឆ្លៀតធ្វើការក្រៅម៉ោង នឹងប្រាក់ដែលម៉ាក់ខ្ញុំខំរក ក៏ស្របពេលដែលអចលនៈទ្រព្យធ្លាក់ថ្លៃ ហើយនឹងប្រាក់ដែលសេសសល់ពីលក់ផ្ទះនៅឯខេត្តផងនោះ ក៏អាចទិញបានផ្ទះមួយល្វែងជាយក្រុងរស់នៅសព្វថ្ងៃ។ ត្បិតថាបច្ចុប្បន្ន ខ្ញុំបានគ្រាន់បើបន្តិច តែអ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះគឺគ្រួសារខ្ញុំទាំងមូល មិនថាក្នុងកាលៈទេសៈបែបណា គ្រួសារគឺជាគ្រឹះដ៏រឹងមាំសម្រាប់មនុស្សគ្រប់គ្នា ការចេះជួយចែករំលែកទុក្ខធុរៈ លើកទឹកចិត្តគ្នាទៅវិញទៅមក គឺជារឿងចាំបាច់បំផុត។ ដូចអ្នកផ្ទះខ្ញុំ មិនថាឋិតក្នុងស្ថានភាពបែបណា ពួកយើងតែងតែជួយចែករំលែក នឹងយកអសារគ្នា។ ប្អូនៗខ្ញុំធ្លាប់និយាយថា “បើគ្មានបងស្រីម្នាក់នេះ ក៏គ្មានប្អូនដែរ” ពាក្យមួយឃ្លានេះតែងតែជួយលើកទឹកចិត្តខ្ញុំគ្រប់ពេល។ មិនថាខ្ញុំពិបាកចិត្តយ៉ាងណា ឈឺចាប់យ៉ាងណា អស់សង្ឃឹមយ៉ាងណា ឲ្យតែនឹកដល់ពាក្យនេះ តែងតែធ្វើឲ្យខ្ញុំញញឹមបាន ព្រោះខ្ញុំដឹងថា ខ្ញុំមានគ្រួសារមួយដ៏កក់ក្តៅ នឹងមានសុភមង្គល។ ទោះបីជាពេលខ្លះយល់ថាឯកោរ តែខ្ញុំដឹងថា ខ្ញុំមានគ្រួសារដែលស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ចង់ប្រើក្តីស្រលាញ់ដែលខ្ញុំទទួលបានចែករំលែកដល់មនុស្សគ្រប់គ្នាតាមដែលអាចធ្វើបាន ព្រោះខ្ញុំជឿជាក់ថាគ្មានអ្វីប្រសើរជាងនេះទេ។
ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តទាំងអស់គ្នាដែលបានអានអត្ថបទរបស់ខ្ញុំ នេះគឺជារឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់។ ខ្ញុំមិនមែនជាអ្នកនិពន្វ ក៏មិនមែនជាអ្នកល្បីអីដែរ តែខ្ញុំគ្រាន់តែចង់ចែករំលែកនូវអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកដល់អ្នកទាំងអស់គ្នា។ ហើយខ្ញុំសូមអរគុណដល់មិត្តភក្តិខ្ញុំទាំងអស់ ដែលតែងតែជួយខ្ញុំ ផ្តល់កំលាំងចិត្តឲ្យខ្ញុំ។ បានស្គាល់អ្នកទាំងអស់គ្នា គឺជារឿងដ៏មានសុភមង្គលបំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំសូមជូនពរដល់មិត្តទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ សុភមង្គល នឹងជោគជ័យគ្រប់ពេលវេលា។

សូមអរគុណ
សុផានី

 

ជីវិតលើគំនរសម្រាម ខែធ្នូ 21, 2012

Filed under: ផ្សេងៗ — សុផានី @ 11:14 ព្រឹក
កាលពីថ្ងៃ ១៦ ខែធ្នូ ឆ្នាំ​២០១២​កន្លងទៅ ខ្ញុំនឹងក្រុមយុវជននៃក្រុមជំនុំគ្រួសារនៃសេចក្តីជំនឿកម្ពុជា បាននាំគ្នានាំយកនូវសំភារ:បន្តិចបន្តួចទៅចែកដល់កុមារដែលរស់នៅក្បែរគំនរចាក់សំរាមស្ទឹងមានជ័យ។ តាមការរៀបរាប់របស់ក្មេងៗបានឲ្យដឹងថា ឪពុកម្តាយរបស់ពួកគេភាគច្រើនគឺជាអ្នករើសសំរាម នឹងរើសអេតចាយ ហើយក្នុងមួយគ្រួសារមានសមាជិកចាប់ពីប្រាំនាក់ឡើងទៅ។ ពួកគេរស់នៅក្នុងបន្ទប់ជួលដែលមានតម្លៃពី១៥-២០ដុល្លាតាមទំហំបន្ទប់។ ទិដ្ឋភាពនៅទីនោះមើលទៅពិតជាមិនល្អសោះ ប្រជាពលរដ្ឋនៅទីនោះគឺប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារការរស់នៅពុំមានអនាម័យគ្រប់គ្រាន់ នឹងកង្វះខាតអាហារូបត្ថម។ អ៊ុំស្រីម្នាក់បានអោយដឹងថា គ្រួសារគាត់គឺជាអ្នករើសសម្រាម រកមិនសូវបានទេ ព្រោះសមាជិកគ្រួសារមានគ្នាច្រើន ហើយថែមទាំងមានបន្ទុកមើលថែកូនស្រីជាស្រ្តីមេម៉ាយដែលទើបឆ្លងទន្លេរួច ប្រាក់ដែលគាត់រកបានមកគឺឲ្យថ្លៃបន្ទប់ ថ្លៃទឹក ថ្លៃភ្លើងសឹងមិនគ្រប់ផង។ នៅពេលដែលបានឃើញផ្ទះរបស់ពួកគាត់ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តណាស់ ផ្ទះខ្លះឃើញមានតែបន្ទះក្តារពីរបីបន្ទះគ្រាន់នឹងបាំងខ្យល់ ឯផ្ទះខ្លះទៀតបាំងដោយស័ង្កសីពុកផុយ ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ជាយថាហេតុគ្រប់ពេល រឺឯម្ចាស់ផ្ទះជួលដឹងតែដល់ខែយកលុយតែប៉ុណ្ណោះ។ ទោះបីយ៉ាងណាខ្ញុំក៏សប្បាយចិត្តនៅពេលដែលបានដឹងថា ក្មេងៗនៅម្តុំនោះមានអង្គការក្រៅរដ្ឋាភិបាលឧបត្ថមអោយបានចូលសាលារៀន ខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគត ពួកគេនឹងមានជីវភាពធូរធារ មានសុខភាពល្អ មានធ្វើជាពលរដ្ឋល្អក្នុងសង្គម។
ខាងក្រោមនេះគឺជារូបភាពខ្លះៗដែលខ្ញុំបានផ្តិតមក៖
 

រូបភាព

រូបភាពរូបភាព

រូបភាពរូបភាព

រូបភាពរូបភាព

រូបភាពរូបភាព

រូបភាពរូបភាពរូបភាពរូបភាពរូបភាពរូបភាពរូបភាពរូបភាព

 

ថ្ងៃនេះជាថ្ងៃកំនើតខ្ញុំ ខែមិថុនា 20, 2012

Filed under: ផ្សេងៗ — សុផានី @ 11:44 ព្រឹក

ការពិតទៅថ្ងៃនេះទើបជាថ្ងៃកំនើតពិតប្រាកដរបស់ខ្ញុំ តែដោយសារថ្ងៃ ១៨ មិថុនា ជាថ្ងៃឈប់សំរាក ទើបរៀបចំកម្មវិធីតូចមួយជាលក្ខណៈគ្រួសារក្នុងថ្ងៃនោះទៅ។ និយាយទៅពេលវេលាពិតជាដើរលឿនណាស់ ទារិកាកាលពី២៦ឆ្នាំមុន ពេលនេះស្ទើតែឈានចូលវ័យកណ្តាលទៅហើយ។ ខួបកំនើតខ្ញុំឆ្នាំនេះត្បិតថាស្ងប់ស្ងាត់បន្តិច តែខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះបានឃើញមិត្តភ័ក្រ្ក បងប្អូនខ្ញុំពោរពេញដោយភាពរីករាយ ទាំងនេះគឺជាបំណងប្រាថ្នារបស់ខ្ញុំ ហើយអ្វីដែលខ្ញុំកាន់តែរីករាយទៀតនោះ គឺពាក្យជូនពររបស់អ្នកទាំងអស់ក្នុង Facebook, Skype ជាដើម។ ជាចុងក្រោយនេះខ្ញុំគ្មានក្រៅពីពាក្យថាអរគុណដល់អ្នកទាំងអស់គ្នា ហើយចង់ប្រាប់ថា ខ្ញុំស្រលាញ់គ្រួសារខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។ ខាងក្រោយនេះគឺសកម្មភាពខ្លះៗក្នុងថ្ងៃកំនើតខ្ញុំ។

រូបភាពរូបភាពរូបភាពរូបភាពរូបភាព

 

 

រូបភាព

រូបភាព

រូបភាពរូបភាពរូបភាពរូបភាព

រូបភាពរូបភាព

 

ឈាមពេជ្រ & បាតដៃអ្នកម៉ែ ខែ​មីនា 9, 2012

Filed under: អំពីខ្ញុំ — សុផានី @ 9:39 ព្រឹក


គ្រប់ពេលដែលខ្ញុំស្តាប់បទចំរៀងទាំងពីរបទនេះ ខ្ញុំតែងតែមានអារម្មណ៍ក្តុកក្តួលជួនមានពេលខ្លះស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។ ពេលដែលខ្ញុំស្តាប់បទនេះគឺតែងតែនឹកឃើញដល់ម្តាយខ្ញុំ ដែលខិតខំប្រឹងប្រែតស៊ូ ពុះពារគ្រប់ឧបសគ្គក្នុងនាមជាស្ត្រីមេម៉ាយ ទោះត្រូវពិបាកយ៉ាងណា ត្រូវគេមើលងាយយ៉ាងណា​ក៏គាត់មិនរួញរាដើម្បីកូនទាំងបួននាក់នេះ។ ត្បិតថា ទិវាសិទ្ធនារី៨មិនបានកន្លងទៅបន្តិចមែន តែខ្ញុំសុំជូនបទចំរៀងទាំងពីរបទដល់មិត្តទាំងអស់គ្នា ជាពិសេសប្អូនៗយុវវ៏យ។

 

ព្រោះស្រលាញ់ ខែ​មីនា 1, 2012

Filed under: ចំរៀង — សុផានី @ 11:12 ព្រឹក

នៅសុខៗស្រាប់តែមានអារម្មណ៍ថាចូលចិត្តបទនេះដោយមិនដឹងខ្លួន ” ព្រោះស្រលាញ់” ដោយនីកូ ក្នុងផលិតកម្មអឹម

I. ព្រោះស្រលាញ់ ទើបបងព្រមបាត់បង់អូន ព្រោះស្រលាញ់ ចង់ឃើញអូនមានក្តីសុខ កុំថាបងចិត្តខ្មៅលាទៅមិនអោយជួបមុខ ស៊ូដើរចេញទាំងបៀមទុក្ខពេញក្នុងបេះដូង។
II. ស្អប់បងចុះ ធ្វើអោយអូនស្រក់ទឹកភ្នែក ឈឺខ្លាំងពេកខឹងខ្លួនឯងមិនអាចថែស្ងួន សង្សារអើយ ចង់កំដរអូនលុះសូន្យ…ទៅនេះសំរាប់បងថែអូនអស់ហើយ។
R. សន្យាបានទេ ថាកុំយំពេលគ្មានបងនៅក្បែរ យកបេះដូង យកចិត្តមាសមេអោយអ្នកថ្មី កុំស្រណោះមនុស្ស អឌិតដូចបងថ្វី ហេតុផលបងធ្វើដើម្បីអូនតែម្នាក់គត់់…គឺព្រោះស្រលាញ់។
III. លេបទឹកភ្នែក លាក់ទុកមិនយំមុខអូន ផ្ញើបេះដូង បងទុកផងទោះកាយឃ្លាតទៅ ជួបអូនថ្ងៃនេះ លើកចុងក្រោយហើយពៅ បើដង្ហើមបងមាន បងនៅតែស្រលាញ់អូន។ -ច្រៀង R-
ទោះបីហេតុផលយ៉ាងណាមិនខ្វល់ តែបងបានធ្វើដើម្បីមនុស្សដែលបងស្រលាញ់គ្រប់គ្រាន់ហើយ -ច្រៀង R ម្តងទៀត-
គ្រប់យ៉ាងបងធ្វើ…ហុឹម…ព្រោះស្រលាញ់អូន

 

ការធ្វេសប្រហែស នឹងបន្សល់នូវវប្បដិសារី ខែធ្នូ 17, 2011

Filed under: អំពីខ្ញុំ — សុផានី @ 6:25 ល្ងាច

ពាក្យចាស់លោកពោលថា ប្រហែសបាត់ ប្រយ័ត្នគង់ ទាំងនេះគឺជាពាក្យពិត តួយ៉ាងវាគឺជារឿងដែលខ្ញុំបានជួបប្រទះ ហើយក៏បានបន្សល់ទុកនូវវប្បដិសារីដ៏ធំមួយ ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំមួយនេះ។ មនុស្សភាគច្រើនដែលស្គាល់ខ្ញុំ គេតែងតែមើលឃើញខ្ញុំថាជាមនុស្សម្នាក់ដែលរីករាយ និង ចូលចិត្តនិយាយ​លេងសើច តែពួកគេមិនបានដឹងថានៅពីក្រោយស្នាមញញឹមដែលខ្ញុំមានរាល់ថ្ងៃនេះបង្កប់ទៅដោយការឈឺចាប់ នឹងវប្បដិសារី។ ហើយស្នាមញញឹម និងការលេងសើច​ទាំងនេះគឺគ្រាន់តែជាការធ្វើឡើងដើម្បីបិទបាំងនូវការពិតដែលមានក្នុងចិត្តខ្ញុំតែប៉ុណ្ណោះ។ ត្បិតថារឿងដ៏អាក្រក់នេះវាមិនមែនធ្លាក់មកលើខ្លួនខ្ញុំ តែវារឹតតែធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ដែលវាត្រូវធ្លាក់លើប្អូនស្រីខ្ញុំ។ ដោយសារតែគ្រប់គ្នាដែលនៅក្នុងគ្រួសារនេះ គឺប្រៀបដូចជាសរសៃឈាមដែលមានតួនាទីដ៏សំខាន់​ក្នុងខ្លួនរបស់ខ្ញុំ។ ប្អូនស្រីខ្ញុំម្នាក់នេះជាមនុស្សស្លូតណាស់ ស្មោះត្រង់ណាស់ ចិត្តល្អណាស់ ហ្មត់ចត់ណាស់ ហើយគ្រប់ទង្វើដែលនាងធ្វើ គឺតែងតែគិតពីអ្នកដ៏ទៃ​ជាមុនជានិច្ច ក៏ព្រោះតែនាងជាមនុស្សបែបនេះហើយទើបធ្វើឲ្យខ្ញុំជាបងស្រីនេះធ្វេសប្រហែសចំពោះនាង។ ព្រោះតែគិតថានាងជាមនុស្សម្នាក់ដែលរឹងមាំ ទើបធ្វើឲ្យខ្ញុំតែងតែព្រងើយកន្តើយចំពោះនាង មិនដែលបានយកចិត្តទុកដាក់នូវអ្វីដែលនាងធ្វើ អ្វីដែលនាងនិយាយ ហើយក៏មិនដែលបានលើកទឹកចិត្តនាង រហូតធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងភាពឯកា ខ្លាចគេ ក្លាយជាមនុស្សអស់សង្ឃឹម បាត់បង់ជំនឿចិត្ត គិតថាខ្លួនឯងគ្មានតំលៃ តែងតែនាំទុក្ខដល់អ្នកដ៏ទៃ លែងចង់និយាយចង់ស្តី លែងចង់ជួបមុខមនុស្សដែលនៅជុំវិញខ្លួន គិតថាខ្លួនឯងធ្វើអ្វីក៏មិនកើត ដែលធាតុពិតនាងតែងតែធ្វើបានល្អ ហើយពេលខ្លះក៏មានគំនិតគិតខ្លី។ ក្នុងនាមជាបងស្រីម្នាក់ តើអ្នកណាមិនឈឺចាប់នៅពេលឃើញប្អូនស្រីដ៏រស់រវើកម្នាក់ធ្លាក់ក្នុងសភាពបែបនេះ? ចំពោះខ្ញុំ វាប្រៀបដូចជាម្ចុលរាប់ពាន់ដើមចាក់ដោតយ៉ាងជ្រៅក្នុងបេះដូងដែលគ្មានវិធីអាចដកចេញបាន ហើយរឿងនេះក៏ត្រួវក្លាយជាវប្បដិសារីដ៏ធំក្នុងជីវិតរបស់ខ្ញុំ។ រាល់ថ្ងៃពេលជួបនាងម្តងៗ មើលឃើញភាពក្រៀមក្រំរបស់នាង វប្បដិសារីរបស់ខ្ញុំតែងតែស្តីបន្ទោសឲ្យខ្ញុំថា ប្រសិនបើខ្ញុំយកចិត្តទុកចំពោះនាងជាងនេះបន្តិច ធ្វើល្អចំពោះនាងជាងនេះបន្តិច ផ្តល់ភាពក្តក់ក្តៅឲ្យនាងបានច្រើនជាងនេះបន្តិច ប្រហែលជាគ្មានរឿងអកុសលនេះកើតឡើងចំពោះនាងនោះទេ តែគ្រប់យ៉ាងវាបានកន្លងហួសអស់ទៅហើយ ហើយខ្ញុំក៏មិនអាចធ្វើអ្វីបានក្រៅតែពីទទួលនូវការឈឺចាប់នេះ។ ខ្ញុំពិតជាចង់ឲ្យពេលវេលាវិលថយក្រោយ និង គ្រប់យ៉ាងត្រឡប់ទៅជាដូចដើមវិញណាស់ ពេលខ្លះខ្ញុំអង្គុយមើលរូបថតជុំគ្នា នឹកស្រម៉ៃដល់ពេលវេលាដែលពួកយើងលេងសើចសប្បាយជាមួយគ្នា បន្លែងគ្នាយ៉ាងរីករាយ តែពេលនេះលែងមានពេលវេលានោះទៀតហើយ គ្រប់យ៉ាងបានត្រឹមតែជាការចងចាំប៉ុណ្ណោះ ហើយរាល់ពេលដែលខ្ញុំនឹកដល់រឿងនេះម្តងៗ ទឹកភ្នែករបស់ខ្ញុំតែងតែហួរចុះមកដោយមិនដឹងខ្លួន ពេលខ្លះសូម្បីតែជិះម៉ូតូក៏ហូរទឹកភ្នែកដែរ អ្នកមិនដឹងរឿងប្រហែលជាគិតថាខ្ញុំជាមនុស្សឆ្កួតដែលត្រូវមកហូរទឹកភ្នែកបែបនេះ តែការពិតខ្ញុំបានត្រឹមតែបង្ហូរវាតាមផ្លូវប៉ុណ្ណោះ ព្រោះខ្ញុំមិនអាចឲ្យអ្នកផ្ទះរបស់ខ្ញុំឃើញពីទង្វើនេះទេ ជាពិសេសចំពោះមុខប្អូនៗខ្ញុំព្រោះមិនចង់ឲ្យពួកគេពិបាកចិត្ត។
ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តទាំងអស់គ្នា​ ដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ ហើយក៏ប្រហែលជាមានអ្នកខ្លះគិតថាខ្ញុំជាមនុស្សបែបណាដែលយក​រឿងផ្ទាល់ខ្លួនមកនិយាយបែបនេះ? តែចំពោះខ្ញុំ ខ្ញុំសរសេរវាឡើងមានគោលបំណងពីរគឺ៖
១. ខ្ញុំចង់ចែករំលែកនូវបទពិសោធរបស់ខ្ញុំដល់អ្នកទាំងអ្នកគ្នា ក៏ដូចជាចង់រំលឹកដល់អ្នកទាំងអស់គ្នាដើម្បីកុំឲ្យមានវប្បដិសារីដូចជាខ្ញុំ ព្រោះថាវាឈឺចាប់ណាស់ ហើយវានឹងក្លាយទៅជាស្រមោលដែលអន្ទោលតាមប្រាណយើងអស់មួយជីវិត។
២. គឺចង់សុំនូវមតិយោបល់ពីអ្នកទាំងអស់គ្នា តើមានវិធីអីដើម្បីលើកទឹកចិត្តនាង? ព្រោះខ្ញុំបានព្យាយាមប្រើមធ្យោបាយជាច្រើនហើយ តែហាក់បីដូចជាគ្មានប្រយោជន៍សោះ។

 

ពិតជាថ្ងៃស៊យរបស់ខ្ញុំមែន ខែសីហា 2, 2011

Filed under: អំពីខ្ញុំ — សុផានី @ 10:54 ល្ងាច

និយាយទៅមិនអស់ចិត្តសោះ ថ្ងៃនេះបើកភ្នែកឡើងភ្លៀងធ្លាក់ទាំងព្រលឹម ថាភ្លៀងវាជារឿងធម្មជាតិ តែរឿងដែលធ្វើឲ្យខ្ញុំយល់ថាថ្ងៃនេះជាថ្ងៃស៊យនោះគឺ​តាំងពីព្រឹកទល់យប់ខ្ញុំជួបតែរឿងមិនល្អ។
ថ្ងៃនេះក្រោកពីគេងប្រញ៉ាប់ប្រញ៉ាល់រៀបចំខ្លួនទៅធ្វើការដូចសព្វដង ចេញពីផ្ទះបន្តិចស្រាប់តែឃើញផ្លូវ​(ផ្លូវវែងស្រេង) ដែលធ្លាប់តែចេញចូលហ្នឹង​ត្រូវកក​ស្ទះដោយ​ឡាន​កុងទីន័​រក៏សំរេចចិត្តបកមកតាមផ្លូវផ្សេងវិញព្រោះខ្លាចទៅធ្វើការមិនទាន់ ជិះតាមផ្លូវនេះបានបន្តិចស្រាប់តែមានឡានមួយបើកយ៉ាងលឿន​មក​កៀរពីក្រោយ ព្រោះតែជៀសឡាននេះខ្ញុំត្រូវជ្រុលចង្កូតទៅធ្លាក់ក្រឡុកយ៉ាងពេកទំហឹងសឹងនឹងដួលម៉ូតូទៅហើយ តែសំណាងល្អដែលក្រឡុកនោះមិនសូវ​ជ្រៅ ហើយខ្ញុំបើកម៉ូតូយឺតៗកុំអីមិនដឹងយ៉ាងណាទេ នេះជារឿងចង្រៃទាំងព្រលឹម ពេលទៅជិតដល់កន្លែងធ្វើការក៏ឈប់រកទិញអាហារពេលព្រឹក ក្រោកពីបានហើយក៏ប្រញ់ាប់បន្តទៅកន្លែង ពុទ្ធោ! ស្រាប់តែម៉ូតូខ្ញុំដេលែងឆេះត្រូវបណ្តើរទំរាំដល់កន្លែងធ្វើការព្រោះនៅម្តុំនោះមិនមានជាងជួសជុល ខ្ញុំហត់ស្ទើរស្លាប់។ ពេលមកដល់កន្លែងធ្វើការយល់ថាបានធូរស្រាយបន្តិច តែមានឯណាបែរជាធប់ដង្ហើមស្ទើរស្លាប់ព្រោះតែត្រូវទ្រាំនឹងផ្សែងបារីដែលមេ​របស់ខ្ញុំទើបមកពីប្រទសសឹង្ហបូរីជក់។ និយាយពីពេលល្ងាចវិញ ពេលចេញពីធ្វើការគិតថាមានយីអ៊ុនបន្តិចព្រោះត្រូវមេហៅទៅឌីនន័រជាមួយ តែគ្រប់យ៉ាង​ហាក់ដូចជាមិនសមប្រកបសោះ ពេលត្រឡប់មកផ្ទះវិញក្រោយពេលញាំអីហើយខ្ញុំជិះម៉ូតូយ៉ាងលឿនព្រោះយប់បន្តិចហើយ ម្យ៉ាងជាស្រីមកតាមផ្លូវម្នាក់​ឯង​ហើយផ្ទះឆ្ងាយផង​ ក្រោយពីធ្វើដំណើរឆ្លងកាត់ស្ពានស្ទឹងមានជ័យបន្តិចស្រាប់តែមានកង់មួយមិនដឹងចេញពីទីណាមកទេហើយក៏គ្មានសញ្ញាអីក៏ឆ្លង​វែងយ៉ាងលឿនកាត់មុខម៉ូតូខ្ញុំបើកុំតែខ្ញុំចាប់ហ្រ្វាំងទាន់មិនដឹងថាយ៉ាងណាទេ ក៏រាប់ទុកថាជាសំណាងល្អមួយដែរ ដែលគ្មានឡានមកពីក្រោយទើបខ្ញុំអាច​មកដល់ផ្ទះដោយសុវត្ថិភាព។ វាពិតជារឿងហួសចិត្តសំរាប់ខ្ញុំមែន………..

 

សួស្តីឆ្នាំថ្មី! ខែ​មេសា 13, 2010

Filed under: ផ្សេងៗ — សុផានី @ 10:17 ព្រឹក

សួស្តីឆ្នាំថ្មី ឆ្នាំខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១០ នាងខ្ញុំសូមគោរពជូនពរដល់​លោកយាយ លោកតា ពុកម៉ែ មាមីង និងបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខសុភមង្គល​ សំណាងល្អ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងរកទទួលទានមានបានគ្រប់ៗក្រុមគ្រួសារ ជាពិសេសសូមមាន​សុវត្ថិភាពក្នុងការធ្វើដំណើរកំសាន្តទៅគ្រប់ទីកន្លែង។

សូមអរគុណ!
សុផានី.

 

ដំណើរកំសាន្តនៅកំពង់សោម ខែ​មេសា 2, 2010

Filed under: ដំណើរកំសាន្ត — សុផានី @ 11:26 ព្រឹក

កាលពីថ្ងៃ ៧ មិនា ខ្ញុំ និងមិត្តរួមថ្នាក់បាននាំគ្នាទៅលេងឆ្នេរសមុទ្រកំពង់សោម។ ទាំងនេះគឺជារូបខ្លះៗ…












 

រូបថតនៅគិរីរម្យ ខែ​មីនា 19, 2010

Filed under: ដំណើរកំសាន្ត — សុផានី @ 11:14 ព្រឹក

គិរីរម្យគឺជារមណីយដ្ឋានធម្មជាតិដែលប្រកបដោយទេសភាពដ៏ប្រណិត។ ខាងក្រោមនេះគឺជារូបភាពខ្លះៗដែលខ្ញុំបានថតពេលដែលខ្ញុំទៅលេងនៅទីនោះ៖