ពាក្យចាស់លោកពោលថា ប្រហែសបាត់ ប្រយ័ត្នគង់ ទាំងនេះគឺជាពាក្យពិត តួយ៉ាងវាគឺជារឿងដែលខ្ញុំបានជួបប្រទះ ហើយក៏បានបន្សល់ទុកនូវវប្បដិសារីដ៏ធំមួយ ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំមួយនេះ។ មនុស្សភាគច្រើនដែលស្គាល់ខ្ញុំ គេតែងតែមើលឃើញខ្ញុំថាជាមនុស្សម្នាក់ដែលរីករាយ និង ចូលចិត្តនិយាយលេងសើច តែពួកគេមិនបានដឹងថានៅពីក្រោយស្នាមញញឹមដែលខ្ញុំមានរាល់ថ្ងៃនេះបង្កប់ទៅដោយការឈឺចាប់ នឹងវប្បដិសារី។ ហើយស្នាមញញឹម និងការលេងសើចទាំងនេះគឺគ្រាន់តែជាការធ្វើឡើងដើម្បីបិទបាំងនូវការពិតដែលមានក្នុងចិត្តខ្ញុំតែប៉ុណ្ណោះ។ ត្បិតថារឿងដ៏អាក្រក់នេះវាមិនមែនធ្លាក់មកលើខ្លួនខ្ញុំ តែវារឹតតែធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ដែលវាត្រូវធ្លាក់លើប្អូនស្រីខ្ញុំ។ ដោយសារតែគ្រប់គ្នាដែលនៅក្នុងគ្រួសារនេះ គឺប្រៀបដូចជាសរសៃឈាមដែលមានតួនាទីដ៏សំខាន់ក្នុងខ្លួនរបស់ខ្ញុំ។ ប្អូនស្រីខ្ញុំម្នាក់នេះជាមនុស្សស្លូតណាស់ ស្មោះត្រង់ណាស់ ចិត្តល្អណាស់ ហ្មត់ចត់ណាស់ ហើយគ្រប់ទង្វើដែលនាងធ្វើ គឺតែងតែគិតពីអ្នកដ៏ទៃជាមុនជានិច្ច ក៏ព្រោះតែនាងជាមនុស្សបែបនេះហើយទើបធ្វើឲ្យខ្ញុំជាបងស្រីនេះធ្វេសប្រហែសចំពោះនាង។ ព្រោះតែគិតថានាងជាមនុស្សម្នាក់ដែលរឹងមាំ ទើបធ្វើឲ្យខ្ញុំតែងតែព្រងើយកន្តើយចំពោះនាង មិនដែលបានយកចិត្តទុកដាក់នូវអ្វីដែលនាងធ្វើ អ្វីដែលនាងនិយាយ ហើយក៏មិនដែលបានលើកទឹកចិត្តនាង រហូតធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងភាពឯកា ខ្លាចគេ ក្លាយជាមនុស្សអស់សង្ឃឹម បាត់បង់ជំនឿចិត្ត គិតថាខ្លួនឯងគ្មានតំលៃ តែងតែនាំទុក្ខដល់អ្នកដ៏ទៃ លែងចង់និយាយចង់ស្តី លែងចង់ជួបមុខមនុស្សដែលនៅជុំវិញខ្លួន គិតថាខ្លួនឯងធ្វើអ្វីក៏មិនកើត ដែលធាតុពិតនាងតែងតែធ្វើបានល្អ ហើយពេលខ្លះក៏មានគំនិតគិតខ្លី។ ក្នុងនាមជាបងស្រីម្នាក់ តើអ្នកណាមិនឈឺចាប់នៅពេលឃើញប្អូនស្រីដ៏រស់រវើកម្នាក់ធ្លាក់ក្នុងសភាពបែបនេះ? ចំពោះខ្ញុំ វាប្រៀបដូចជាម្ចុលរាប់ពាន់ដើមចាក់ដោតយ៉ាងជ្រៅក្នុងបេះដូងដែលគ្មានវិធីអាចដកចេញបាន ហើយរឿងនេះក៏ត្រួវក្លាយជាវប្បដិសារីដ៏ធំក្នុងជីវិតរបស់ខ្ញុំ។ រាល់ថ្ងៃពេលជួបនាងម្តងៗ មើលឃើញភាពក្រៀមក្រំរបស់នាង វប្បដិសារីរបស់ខ្ញុំតែងតែស្តីបន្ទោសឲ្យខ្ញុំថា ប្រសិនបើខ្ញុំយកចិត្តទុកចំពោះនាងជាងនេះបន្តិច ធ្វើល្អចំពោះនាងជាងនេះបន្តិច ផ្តល់ភាពក្តក់ក្តៅឲ្យនាងបានច្រើនជាងនេះបន្តិច ប្រហែលជាគ្មានរឿងអកុសលនេះកើតឡើងចំពោះនាងនោះទេ តែគ្រប់យ៉ាងវាបានកន្លងហួសអស់ទៅហើយ ហើយខ្ញុំក៏មិនអាចធ្វើអ្វីបានក្រៅតែពីទទួលនូវការឈឺចាប់នេះ។ ខ្ញុំពិតជាចង់ឲ្យពេលវេលាវិលថយក្រោយ និង គ្រប់យ៉ាងត្រឡប់ទៅជាដូចដើមវិញណាស់ ពេលខ្លះខ្ញុំអង្គុយមើលរូបថតជុំគ្នា នឹកស្រម៉ៃដល់ពេលវេលាដែលពួកយើងលេងសើចសប្បាយជាមួយគ្នា បន្លែងគ្នាយ៉ាងរីករាយ តែពេលនេះលែងមានពេលវេលានោះទៀតហើយ គ្រប់យ៉ាងបានត្រឹមតែជាការចងចាំប៉ុណ្ណោះ ហើយរាល់ពេលដែលខ្ញុំនឹកដល់រឿងនេះម្តងៗ ទឹកភ្នែករបស់ខ្ញុំតែងតែហួរចុះមកដោយមិនដឹងខ្លួន ពេលខ្លះសូម្បីតែជិះម៉ូតូក៏ហូរទឹកភ្នែកដែរ អ្នកមិនដឹងរឿងប្រហែលជាគិតថាខ្ញុំជាមនុស្សឆ្កួតដែលត្រូវមកហូរទឹកភ្នែកបែបនេះ តែការពិតខ្ញុំបានត្រឹមតែបង្ហូរវាតាមផ្លូវប៉ុណ្ណោះ ព្រោះខ្ញុំមិនអាចឲ្យអ្នកផ្ទះរបស់ខ្ញុំឃើញពីទង្វើនេះទេ ជាពិសេសចំពោះមុខប្អូនៗខ្ញុំព្រោះមិនចង់ឲ្យពួកគេពិបាកចិត្ត។
ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តទាំងអស់គ្នា ដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ ហើយក៏ប្រហែលជាមានអ្នកខ្លះគិតថាខ្ញុំជាមនុស្សបែបណាដែលយករឿងផ្ទាល់ខ្លួនមកនិយាយបែបនេះ? តែចំពោះខ្ញុំ ខ្ញុំសរសេរវាឡើងមានគោលបំណងពីរគឺ៖
១. ខ្ញុំចង់ចែករំលែកនូវបទពិសោធរបស់ខ្ញុំដល់អ្នកទាំងអ្នកគ្នា ក៏ដូចជាចង់រំលឹកដល់អ្នកទាំងអស់គ្នាដើម្បីកុំឲ្យមានវប្បដិសារីដូចជាខ្ញុំ ព្រោះថាវាឈឺចាប់ណាស់ ហើយវានឹងក្លាយទៅជាស្រមោលដែលអន្ទោលតាមប្រាណយើងអស់មួយជីវិត។
២. គឺចង់សុំនូវមតិយោបល់ពីអ្នកទាំងអស់គ្នា តើមានវិធីអីដើម្បីលើកទឹកចិត្តនាង? ព្រោះខ្ញុំបានព្យាយាមប្រើមធ្យោបាយជាច្រើនហើយ តែហាក់បីដូចជាគ្មានប្រយោជន៍សោះ។