ជីវិតរីករាយ-Behappy

គិតល្អ និយាយល្អ ធ្វើតែអំពើល្អ នឹងបានផលល្អ..

២៧ឆ្នាំហើយខ្ញុំ ខែមិថុនា 20, 2013

Filed under: ផ្សេងៗ — សុផានី @ 6:40 ល្ងាច

ថ្ងៃនេះ (២០-មិថុនា-២០១៣) ជាថ្ងៃកំនើតខ្ញុំគំរប់២៧ឆ្នាំ។ ពេលវេលាពិតដើរលឿនណាស់ មួយពព្រិចភ្នែកកន្លងហួសអស់២៧ឆ្នាំ ខ្ញុំក៏ធំយ៉ាងនេះទៅហើយ ហើយក៏មានអារម្មណ៍ថាបានឆ្លងកាត់បទពិសោធន៍ជីវិតប្រហែលជា៤០ភាគរយ ត្បិតថាតិចតួចតែក៏អាចយកវាមកធ្វើជាយានដើម្បីតម្រង់ទិសដៅសម្រាប់អនាគតបានដែរ។
ចាំបានថា ម៉ាក់ខ្ញុំធ្លាប់និយាយថាពេលដែលខ្ញុំកើត គឺជាពេលវេលាដ៏លំបាក ព្រោះជាកូនដំបូង (ខ្ញុំមានបងប្អូនបួននាក់) ហើយពេលនោះប៉ារបស់ខ្ញុំបានចេញទៅរកស៊ីនៅឯខេត្តមណ្ឌលគិរី (ខ្ញុំកើតនៅខេត្តក្រចេះ) ម្យ៉ាងទៀតជីវភាពរស់នៅនាពេលនោះក៏យ៉ាប់យឺតណាស់ដែរ ព្រោះប៉ាខ្ញុំមិនបានផ្តល់ដំណឹងអីបន្តិច ដូច្នេះហើយទើបក្រោយពេលបង្កើតខ្ញុំបានមួយអាទិត្យ ម៉ាក់ខ្ញុំក៏ត្រូវចេញរកស៊ីដោយខ្លួនឯង កាលនោះម៉ាក់ថារស់នៅក្នុងផ្ទះសាច់ថ្លៃ ដូច្នេះក៏ត្រូវជួយការធ្វើការងារផ្ទះផង ជួលកាលត្រូវរែកទឹកដាក់ពាងទាំងសសៃរខ្ចីផងក៏មាន។ ដោយពិបាកក្នុងការរស់នៅបែបនេះ ហើយក៏មិនចង់ឲ្យទារកដែលទើបតែកើតមកក្លាយជាកូនកំព្រារឳពុក ពេលខ្ញុំមានអាយុមួយខែ ម៉ាក់ក៏នាំខ្ញុំទៅខេត្តមណ្ឌលគិរីដើម្បីរកប៉ាខ្ញុំ។ ក្រោយពេលទៅដល់មណ្ឌលគិរី ប៉ាម៉ាក់ខ្ញុំបានជួបជុំគ្នា ហើយខិតខំប្រឹងប្រែងរកស៊ីរហូតក្លាយជាអ្នកមានប្រចាំខេត្ត មនុស្សស្ទើរទូទាំងខេត្តអត់មានអ្នកណាដែលថាមិនស្គាល់ឈ្មោះប៉ាម៉ាក់ខ្ញុំទេ ពេលខ្ញុំទៅណាមកណាក៏មិនខ្លាចវង្វេងដែរ ព្រោះឲ្យតែប្រាប់ឈ្មោះប៉ាម៉ាក់ខ្ញុំ គេនឹងជូនដល់ផ្ទះ។
ពេលវេលាដើរទៅមុខមិនត្រឡប់ គ្រប់យ៉ាងប្រែប្រួលមិនទៀងទាត់ ធ្វើឲ្យពេលវេលាដ៏មានសុភមង្គលបំផុតនៃគ្រួសារខ្ញុំបានរលាយបាត់តែក្នុងពេលមួយពព្រិចភ្នែក។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩៦ គ្រប់យ៉ាងបានផ្លាស់ប្តូរ ទីបំផុតពាក្យកូនកំព្រារដែលម៉ាក់ខ្ញុំមិនចង់ឲ្យពួកខ្ញុំជួប នៅតែជួប។ តាំងពីពេលនោះគ្រួសារខ្ញុំក៏ធ្លាក់ខ្លួនក្រ ខ្ញុំធ្លាប់ដើរទូលនំកង នំក្រូចលក់ ក៏ធ្លាប់ដើរស៊ីឈ្នួលកាប់់អុស ជំរះស្មៅចំការ ពេលរៀនអនុវិទ្យាល័យបន់ឲ្យតែដល់ម៉ោងលឹបនឹងអាលទៅជំរះស្មៅចំការឲ្យគេ។ ចាប់តាំងពីពេលនោះមកពួកខ្ញុំក្លាយជាមនុស្សដែលគេមើលលែងឃើញ សូម្បីតែមនុស្សដែលធ្លាប់តែចេញចូលផ្ទះខ្ញុំ នឹងមនុស្សដែលប៉ាម៉ាក់ខ្ញុំធ្លាប់ជួយសង្គ្រោះឲ្យផុតពីភាពក្រីក្រ អត់ឃ្លានក៏ធ្វើមិនស្គាល់ពួកខ្ញុំ ហើយថែមទាំងប្រមាថពួកខ្ញុំទៀតផង ធ្វើឲ្យខ្ញុំយល់ថាមនុស្សភាគច្រើនគឺស្គាល់តែលុយ នឹងអំណាច មិនគិតពីគុណធម៌ សច្ចធម៌ រឹតតែគ្មានក្រមសីលធម៌អីទាំងអស់ មួយរយៈនោះខ្ញុំស្គាល់ពីសារធាតុមនុស្សកាន់តែច្បាស់។ ពាក្យចាស់ថាទុក្ខជាន់លើទុក្ខ ឆ្នាំ១៩៩៨ ខ្ញុំមានជំងឺចម្លែកម្យ៉ាងដែរត្រូវធ្វើការវះកាត់បន្ទាន់ ពេលនោះម៉ាក់ខ្ញុំបាននាំទៅព្យាបាលនៅមន្ទីរពេលមួយនៃទីក្រុងភ្នំពេញ គ្រាន់តែថ្លៃមុខកាំបិតក៏ត្រូវចំណាយអស់ជិត១០០០ដុល្លា ពេលនោះគ្រួសារខ្ញុំក្រណាស់ រកព្រឹកខ្វះល្ងាច មានលុយឯណាបង់ថ្លៃព្យាបាល ហើយពេលដែលគ្រូពេទ្យនៅមន្ទីរពេទ្យនោះដឹងថាពួកខ្ញុំគ្មានលុយបង់ថ្លៃព្យាបាលក៏បាននិយាយថា បើគ្មានលុយទៅណាក៏ទៅៗ កុំនៅទើសដៃទើសជើង ខាតពេលវេលាគេធ្វើការ។ ស្តាប់លឺហើយទឹកភ្នែកម្តាយខ្ញុំហូរដូចភ្លៀងរលឹមអង្វរសុំការអាណិតពីគ្រូពេទ្យនៅទីនោះ តែគ្មានប្រយោជន៏ នៅពេលនោះខ្ញុំពិតជាឈឺចាប់ អាណិតម៉ាក់ខ្ញុំយ៉ាងខ្លាំង ហើយក៏អស់សង្ឃឹម។ តែឱកាសជួបសំណាងល្អមិនប្រាកដថាគ្មាន ដូចគេថាធ្វើល្អបានល្អ ម៉ាក់ខ្ញុំតែងតែជួយអ្នកដទៃដោយគ្មានលក្ខខ័ណ្ឌ ដូច្នេះហើយទើបទេវតាមិនផ្តាច់ផ្លូវមនុស្សល្អ។ ក្នុងខណៈពេលដែលអស់សង្ឃឹមទៅហើយនោះ ពួកខ្ញុំក៏បានជួបនឹងវេជ្ជបណ្ឌិតជនជាតិបារាំងម្នាក់ ហើយក៏ជានាយកនៃផ្នែកវះកាត់នៃមន្ទីរពេទ្យនោះ គាត់បានជួយធ្វើការវះកាត់ នឹងព្យាបាលឲ្យខ្ញុំដោយមិនយកលុយសូម្បីតែមួយកាក់ មួយសេន ជាហេតុធ្វើគ្រូពេទ្យមួយចំនួនក្នុងមន្ទីរពេទ្យ មានគំនិតគិតផ្តេសផ្តាសមកលើពួកខ្ញុំ។ ក្រោយពេលដែលខ្ញុំចេញពីមន្ទីរពេទ្យ ខ្ញុំបានស្បថក្នុងចិត្តថា ខ្ញុំនឹងខិតខំប្រឹងប្រែងរកលុយដោយមិនឲ្យសមាជិកក្នុងគ្រួសារខ្ញុំណាម្នាក់ជួបប្រទះនូវការប្រមាថដូចរូបខ្ញុំក្នុងពេលនោះឡើយ។ ឆ្នាំ២០០២ ម៉ាក់ខ្ញុំបានផ្លាស់មករកស៊ីនៅទីក្រុងភ្នំពេញ ដោយយកខ្ញុំនឹងប្អូនប្រុសពៅខ្ញុំមកជាមួយ ហើយផ្ញើប្អូនស្រីខ្ញុំពីរនាក់ទៀតនៅជាមួយគ្រួសារពូខ្ញុំ ពេលនោះខ្ញុំទើបតែបញ្ចប់អនុវិទ្យាល័យ។ មកដល់ទីក្រុងភ្នំពេញ ខ្ញុំក៏ដាក់ពាក្យចូលធ្វើជាគ្រូបង្រៀនប្អូនៗថ្នាក់មត្តេយ្យនៅសាលាឯកជនមួយក្បែរពោធិ៍ចិនតុង ខ្ញុំបង្រៀនបណ្តើររៀនវិទ្យាល័យបណ្តើរ។ ចាំបានថាប្រាក់ខែដែលខ្ញុំទទួលបាននាពេលនោះត្រឹមតែ៣០ដុល្លាប៉ុណ្ណោះក្នុងមួយខែ។ ពេលបើកប្រាក់មកបានត្រឹមតែទូរទាត់ថ្លៃបន្ទប់ជួល គឺសឹងមិនគ្រាន់ ពេលនោះម៉ាក់ខ្ញុំធ្វើជាងកាត់ដេរ។ ក្រោយពេលបញ្ចប់វិទ្យាល័យ ខ្ញុំក៏បន្តចូលរៀនសាកលវិទ្យាល័យ ហើយដើររកការងារគ្រប់ទីកន្លែង ក្រោយមកមិត្តរួមថ្នាក់ខ្ញុំម្នាក់បាននែនាំឲ្យចូលធ្វើការនៅរោងចក្រមួយកន្លែងក្នុងស្រុកអង្គស្នួល។ ការងារជាកម្មកររោង (បុគ្គលិកការិល័យ) ទទួលបានប្រាក់ខែ៧០ដុល្លាក្នុងខែ ក៏អាចជួយសម្រាលបន្ទុកម៉ាក់ខ្ញុំបានបន្តិច តែពេលខ្លះត្រូវថែមម៉ោងរហូតដល់យប់ជ្រៅ ពេលវេលាចេញចូលមិនទៀងទាត់ ខ្ញុំក៏សម្រេចចិត្តព្យួរការសិក្សាមួយរយះ។ ធ្វើការរោងចក្របានជាងមួយឆ្នាំ ដោយស្តាយការសិក្សាខ្ញុំក៏បានស្វែងការងារថ្មីក្នុងទីក្រុងវិញ ពេលនោះខ្ញុំក៏បានចូលធ្វើជាជំនួយការគណនេយ្យករក្នុងសណ្ឋាគារមួយដោយទទួលបានប្រាក់ខែ១៥០ដុល្លាក្នុងមួយខែ តែការងារក្នុងសណ្ឋាគារគ្មានពេលសម្រាក គ្មានស្គាល់សៅរ៍ អាទិត្យ ខ្ញុំក៏ស្វែងរកការងារថ្មី ក្រោយមកមិត្តភក្តិម្នាក់ដែលស្គាល់គ្នាតាមរយៈការលេង Skype បាននែនាំខ្ញុំឲ្យចូលធ្វើការក្នុងក្រុមហ៊ុនរបស់គាត់ ខ្ញុំក៏ចាប់ទទួលបានប្រាក់ចំណូលគ្រាន់បើបន្តិច ដោយអាចគ្រប់គ្រងលើថ្លៃចាយវាយក្នុងផ្ទះ ហើយក៏ឆ្លៀតផ្ញើទៅឲ្យប្អូនៗនៅឯខេត្តមណ្ឌលគិរីផងដែរ។ ត្បិតថាបែបនេះ តែខ្ញុំនៅតែផ្លាស់ប្តូរការងារញឹកញាប់ព្រោះការចំនាយចេះតែកើនឡើង ថ្លៃសាំង ថ្លៃឈ្នួលផ្ទះ ថ្លៃម្ហូបអាហារ ថ្លៃទឹក ថ្លៃភ្លើង គឺសុទ្ធតែឡើងមិនឈប់ ដូច្នេះហើយទើបខ្ញុំត្រូវផ្លាស់ប្តូរការងារមិនឈប់ដែរ។ ការរស់នៅដោយជួលផ្ទះគេពិតជាលំបាកណាស់ ម្ចាស់ផ្ទះដឹងត្រឹមតែថាដល់ខែគឺយកលុយ មិនខ្វល់ថាផ្ទះនោះត្រូវទឹកភ្លៀងសាចឬលេចជ្រាបចូលនោះទេ ពួកខ្ញុំក៏ផ្លាស់ប្តូរផ្ទះជួលញឹកញាប់ដែរ គិតៗទៅវាពិតជាដូចចកដែលរសាត់គ្មានកោះត្រើយ។ ទំរាំដល់ពេលដែលប្អូនៗខ្ញុំចប់មហាវិទ្យាល័យរកបានការងារ មានប្រាក់ខែ បូករួមប្រាក់ដែលខ្ញុំធ្វើការប៉ុន្មានឆ្នាំ ខំត្បិតត្បៀត ស៊ីអត់ ស៊ីឃ្លាន នឹង ពេលខ្លះឆ្លៀតធ្វើការក្រៅម៉ោង នឹងប្រាក់ដែលម៉ាក់ខ្ញុំខំរក ក៏ស្របពេលដែលអចលនៈទ្រព្យធ្លាក់ថ្លៃ ហើយនឹងប្រាក់ដែលសេសសល់ពីលក់ផ្ទះនៅឯខេត្តផងនោះ ក៏អាចទិញបានផ្ទះមួយល្វែងជាយក្រុងរស់នៅសព្វថ្ងៃ។ ត្បិតថាបច្ចុប្បន្ន ខ្ញុំបានគ្រាន់បើបន្តិច តែអ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះគឺគ្រួសារខ្ញុំទាំងមូល មិនថាក្នុងកាលៈទេសៈបែបណា គ្រួសារគឺជាគ្រឹះដ៏រឹងមាំសម្រាប់មនុស្សគ្រប់គ្នា ការចេះជួយចែករំលែកទុក្ខធុរៈ លើកទឹកចិត្តគ្នាទៅវិញទៅមក គឺជារឿងចាំបាច់បំផុត។ ដូចអ្នកផ្ទះខ្ញុំ មិនថាឋិតក្នុងស្ថានភាពបែបណា ពួកយើងតែងតែជួយចែករំលែក នឹងយកអសារគ្នា។ ប្អូនៗខ្ញុំធ្លាប់និយាយថា “បើគ្មានបងស្រីម្នាក់នេះ ក៏គ្មានប្អូនដែរ” ពាក្យមួយឃ្លានេះតែងតែជួយលើកទឹកចិត្តខ្ញុំគ្រប់ពេល។ មិនថាខ្ញុំពិបាកចិត្តយ៉ាងណា ឈឺចាប់យ៉ាងណា អស់សង្ឃឹមយ៉ាងណា ឲ្យតែនឹកដល់ពាក្យនេះ តែងតែធ្វើឲ្យខ្ញុំញញឹមបាន ព្រោះខ្ញុំដឹងថា ខ្ញុំមានគ្រួសារមួយដ៏កក់ក្តៅ នឹងមានសុភមង្គល។ ទោះបីជាពេលខ្លះយល់ថាឯកោរ តែខ្ញុំដឹងថា ខ្ញុំមានគ្រួសារដែលស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ចង់ប្រើក្តីស្រលាញ់ដែលខ្ញុំទទួលបានចែករំលែកដល់មនុស្សគ្រប់គ្នាតាមដែលអាចធ្វើបាន ព្រោះខ្ញុំជឿជាក់ថាគ្មានអ្វីប្រសើរជាងនេះទេ។
ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តទាំងអស់គ្នាដែលបានអានអត្ថបទរបស់ខ្ញុំ នេះគឺជារឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់។ ខ្ញុំមិនមែនជាអ្នកនិពន្វ ក៏មិនមែនជាអ្នកល្បីអីដែរ តែខ្ញុំគ្រាន់តែចង់ចែករំលែកនូវអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកដល់អ្នកទាំងអស់គ្នា។ ហើយខ្ញុំសូមអរគុណដល់មិត្តភក្តិខ្ញុំទាំងអស់ ដែលតែងតែជួយខ្ញុំ ផ្តល់កំលាំងចិត្តឲ្យខ្ញុំ។ បានស្គាល់អ្នកទាំងអស់គ្នា គឺជារឿងដ៏មានសុភមង្គលបំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំសូមជូនពរដល់មិត្តទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ សុភមង្គល នឹងជោគជ័យគ្រប់ពេលវេលា។

សូមអរគុណ
សុផានី