ជីវិតរីករាយ-Behappy

គិតល្អ និយាយល្អ ធ្វើតែអំពើល្អ នឹងបានផលល្អ..

ឈាមពេជ្រ & បាតដៃអ្នកម៉ែ ខែ​មីនា 9, 2012

Filed under: អំពីខ្ញុំ — សុផានី @ 9:39 ព្រឹក


គ្រប់ពេលដែលខ្ញុំស្តាប់បទចំរៀងទាំងពីរបទនេះ ខ្ញុំតែងតែមានអារម្មណ៍ក្តុកក្តួលជួនមានពេលខ្លះស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។ ពេលដែលខ្ញុំស្តាប់បទនេះគឺតែងតែនឹកឃើញដល់ម្តាយខ្ញុំ ដែលខិតខំប្រឹងប្រែតស៊ូ ពុះពារគ្រប់ឧបសគ្គក្នុងនាមជាស្ត្រីមេម៉ាយ ទោះត្រូវពិបាកយ៉ាងណា ត្រូវគេមើលងាយយ៉ាងណា​ក៏គាត់មិនរួញរាដើម្បីកូនទាំងបួននាក់នេះ។ ត្បិតថា ទិវាសិទ្ធនារី៨មិនបានកន្លងទៅបន្តិចមែន តែខ្ញុំសុំជូនបទចំរៀងទាំងពីរបទដល់មិត្តទាំងអស់គ្នា ជាពិសេសប្អូនៗយុវវ៏យ។

 

ការធ្វេសប្រហែស នឹងបន្សល់នូវវប្បដិសារី ខែធ្នូ 17, 2011

Filed under: អំពីខ្ញុំ — សុផានី @ 6:25 ល្ងាច

ពាក្យចាស់លោកពោលថា ប្រហែសបាត់ ប្រយ័ត្នគង់ ទាំងនេះគឺជាពាក្យពិត តួយ៉ាងវាគឺជារឿងដែលខ្ញុំបានជួបប្រទះ ហើយក៏បានបន្សល់ទុកនូវវប្បដិសារីដ៏ធំមួយ ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំមួយនេះ។ មនុស្សភាគច្រើនដែលស្គាល់ខ្ញុំ គេតែងតែមើលឃើញខ្ញុំថាជាមនុស្សម្នាក់ដែលរីករាយ និង ចូលចិត្តនិយាយ​លេងសើច តែពួកគេមិនបានដឹងថានៅពីក្រោយស្នាមញញឹមដែលខ្ញុំមានរាល់ថ្ងៃនេះបង្កប់ទៅដោយការឈឺចាប់ នឹងវប្បដិសារី។ ហើយស្នាមញញឹម និងការលេងសើច​ទាំងនេះគឺគ្រាន់តែជាការធ្វើឡើងដើម្បីបិទបាំងនូវការពិតដែលមានក្នុងចិត្តខ្ញុំតែប៉ុណ្ណោះ។ ត្បិតថារឿងដ៏អាក្រក់នេះវាមិនមែនធ្លាក់មកលើខ្លួនខ្ញុំ តែវារឹតតែធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ដែលវាត្រូវធ្លាក់លើប្អូនស្រីខ្ញុំ។ ដោយសារតែគ្រប់គ្នាដែលនៅក្នុងគ្រួសារនេះ គឺប្រៀបដូចជាសរសៃឈាមដែលមានតួនាទីដ៏សំខាន់​ក្នុងខ្លួនរបស់ខ្ញុំ។ ប្អូនស្រីខ្ញុំម្នាក់នេះជាមនុស្សស្លូតណាស់ ស្មោះត្រង់ណាស់ ចិត្តល្អណាស់ ហ្មត់ចត់ណាស់ ហើយគ្រប់ទង្វើដែលនាងធ្វើ គឺតែងតែគិតពីអ្នកដ៏ទៃ​ជាមុនជានិច្ច ក៏ព្រោះតែនាងជាមនុស្សបែបនេះហើយទើបធ្វើឲ្យខ្ញុំជាបងស្រីនេះធ្វេសប្រហែសចំពោះនាង។ ព្រោះតែគិតថានាងជាមនុស្សម្នាក់ដែលរឹងមាំ ទើបធ្វើឲ្យខ្ញុំតែងតែព្រងើយកន្តើយចំពោះនាង មិនដែលបានយកចិត្តទុកដាក់នូវអ្វីដែលនាងធ្វើ អ្វីដែលនាងនិយាយ ហើយក៏មិនដែលបានលើកទឹកចិត្តនាង រហូតធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងភាពឯកា ខ្លាចគេ ក្លាយជាមនុស្សអស់សង្ឃឹម បាត់បង់ជំនឿចិត្ត គិតថាខ្លួនឯងគ្មានតំលៃ តែងតែនាំទុក្ខដល់អ្នកដ៏ទៃ លែងចង់និយាយចង់ស្តី លែងចង់ជួបមុខមនុស្សដែលនៅជុំវិញខ្លួន គិតថាខ្លួនឯងធ្វើអ្វីក៏មិនកើត ដែលធាតុពិតនាងតែងតែធ្វើបានល្អ ហើយពេលខ្លះក៏មានគំនិតគិតខ្លី។ ក្នុងនាមជាបងស្រីម្នាក់ តើអ្នកណាមិនឈឺចាប់នៅពេលឃើញប្អូនស្រីដ៏រស់រវើកម្នាក់ធ្លាក់ក្នុងសភាពបែបនេះ? ចំពោះខ្ញុំ វាប្រៀបដូចជាម្ចុលរាប់ពាន់ដើមចាក់ដោតយ៉ាងជ្រៅក្នុងបេះដូងដែលគ្មានវិធីអាចដកចេញបាន ហើយរឿងនេះក៏ត្រួវក្លាយជាវប្បដិសារីដ៏ធំក្នុងជីវិតរបស់ខ្ញុំ។ រាល់ថ្ងៃពេលជួបនាងម្តងៗ មើលឃើញភាពក្រៀមក្រំរបស់នាង វប្បដិសារីរបស់ខ្ញុំតែងតែស្តីបន្ទោសឲ្យខ្ញុំថា ប្រសិនបើខ្ញុំយកចិត្តទុកចំពោះនាងជាងនេះបន្តិច ធ្វើល្អចំពោះនាងជាងនេះបន្តិច ផ្តល់ភាពក្តក់ក្តៅឲ្យនាងបានច្រើនជាងនេះបន្តិច ប្រហែលជាគ្មានរឿងអកុសលនេះកើតឡើងចំពោះនាងនោះទេ តែគ្រប់យ៉ាងវាបានកន្លងហួសអស់ទៅហើយ ហើយខ្ញុំក៏មិនអាចធ្វើអ្វីបានក្រៅតែពីទទួលនូវការឈឺចាប់នេះ។ ខ្ញុំពិតជាចង់ឲ្យពេលវេលាវិលថយក្រោយ និង គ្រប់យ៉ាងត្រឡប់ទៅជាដូចដើមវិញណាស់ ពេលខ្លះខ្ញុំអង្គុយមើលរូបថតជុំគ្នា នឹកស្រម៉ៃដល់ពេលវេលាដែលពួកយើងលេងសើចសប្បាយជាមួយគ្នា បន្លែងគ្នាយ៉ាងរីករាយ តែពេលនេះលែងមានពេលវេលានោះទៀតហើយ គ្រប់យ៉ាងបានត្រឹមតែជាការចងចាំប៉ុណ្ណោះ ហើយរាល់ពេលដែលខ្ញុំនឹកដល់រឿងនេះម្តងៗ ទឹកភ្នែករបស់ខ្ញុំតែងតែហួរចុះមកដោយមិនដឹងខ្លួន ពេលខ្លះសូម្បីតែជិះម៉ូតូក៏ហូរទឹកភ្នែកដែរ អ្នកមិនដឹងរឿងប្រហែលជាគិតថាខ្ញុំជាមនុស្សឆ្កួតដែលត្រូវមកហូរទឹកភ្នែកបែបនេះ តែការពិតខ្ញុំបានត្រឹមតែបង្ហូរវាតាមផ្លូវប៉ុណ្ណោះ ព្រោះខ្ញុំមិនអាចឲ្យអ្នកផ្ទះរបស់ខ្ញុំឃើញពីទង្វើនេះទេ ជាពិសេសចំពោះមុខប្អូនៗខ្ញុំព្រោះមិនចង់ឲ្យពួកគេពិបាកចិត្ត។
ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តទាំងអស់គ្នា​ ដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ ហើយក៏ប្រហែលជាមានអ្នកខ្លះគិតថាខ្ញុំជាមនុស្សបែបណាដែលយក​រឿងផ្ទាល់ខ្លួនមកនិយាយបែបនេះ? តែចំពោះខ្ញុំ ខ្ញុំសរសេរវាឡើងមានគោលបំណងពីរគឺ៖
១. ខ្ញុំចង់ចែករំលែកនូវបទពិសោធរបស់ខ្ញុំដល់អ្នកទាំងអ្នកគ្នា ក៏ដូចជាចង់រំលឹកដល់អ្នកទាំងអស់គ្នាដើម្បីកុំឲ្យមានវប្បដិសារីដូចជាខ្ញុំ ព្រោះថាវាឈឺចាប់ណាស់ ហើយវានឹងក្លាយទៅជាស្រមោលដែលអន្ទោលតាមប្រាណយើងអស់មួយជីវិត។
២. គឺចង់សុំនូវមតិយោបល់ពីអ្នកទាំងអស់គ្នា តើមានវិធីអីដើម្បីលើកទឹកចិត្តនាង? ព្រោះខ្ញុំបានព្យាយាមប្រើមធ្យោបាយជាច្រើនហើយ តែហាក់បីដូចជាគ្មានប្រយោជន៍សោះ។

 

ពិតជាថ្ងៃស៊យរបស់ខ្ញុំមែន ខែសីហា 2, 2011

Filed under: អំពីខ្ញុំ — សុផានី @ 10:54 ល្ងាច

និយាយទៅមិនអស់ចិត្តសោះ ថ្ងៃនេះបើកភ្នែកឡើងភ្លៀងធ្លាក់ទាំងព្រលឹម ថាភ្លៀងវាជារឿងធម្មជាតិ តែរឿងដែលធ្វើឲ្យខ្ញុំយល់ថាថ្ងៃនេះជាថ្ងៃស៊យនោះគឺ​តាំងពីព្រឹកទល់យប់ខ្ញុំជួបតែរឿងមិនល្អ។
ថ្ងៃនេះក្រោកពីគេងប្រញ៉ាប់ប្រញ៉ាល់រៀបចំខ្លួនទៅធ្វើការដូចសព្វដង ចេញពីផ្ទះបន្តិចស្រាប់តែឃើញផ្លូវ​(ផ្លូវវែងស្រេង) ដែលធ្លាប់តែចេញចូលហ្នឹង​ត្រូវកក​ស្ទះដោយ​ឡាន​កុងទីន័​រក៏សំរេចចិត្តបកមកតាមផ្លូវផ្សេងវិញព្រោះខ្លាចទៅធ្វើការមិនទាន់ ជិះតាមផ្លូវនេះបានបន្តិចស្រាប់តែមានឡានមួយបើកយ៉ាងលឿន​មក​កៀរពីក្រោយ ព្រោះតែជៀសឡាននេះខ្ញុំត្រូវជ្រុលចង្កូតទៅធ្លាក់ក្រឡុកយ៉ាងពេកទំហឹងសឹងនឹងដួលម៉ូតូទៅហើយ តែសំណាងល្អដែលក្រឡុកនោះមិនសូវ​ជ្រៅ ហើយខ្ញុំបើកម៉ូតូយឺតៗកុំអីមិនដឹងយ៉ាងណាទេ នេះជារឿងចង្រៃទាំងព្រលឹម ពេលទៅជិតដល់កន្លែងធ្វើការក៏ឈប់រកទិញអាហារពេលព្រឹក ក្រោកពីបានហើយក៏ប្រញ់ាប់បន្តទៅកន្លែង ពុទ្ធោ! ស្រាប់តែម៉ូតូខ្ញុំដេលែងឆេះត្រូវបណ្តើរទំរាំដល់កន្លែងធ្វើការព្រោះនៅម្តុំនោះមិនមានជាងជួសជុល ខ្ញុំហត់ស្ទើរស្លាប់។ ពេលមកដល់កន្លែងធ្វើការយល់ថាបានធូរស្រាយបន្តិច តែមានឯណាបែរជាធប់ដង្ហើមស្ទើរស្លាប់ព្រោះតែត្រូវទ្រាំនឹងផ្សែងបារីដែលមេ​របស់ខ្ញុំទើបមកពីប្រទសសឹង្ហបូរីជក់។ និយាយពីពេលល្ងាចវិញ ពេលចេញពីធ្វើការគិតថាមានយីអ៊ុនបន្តិចព្រោះត្រូវមេហៅទៅឌីនន័រជាមួយ តែគ្រប់យ៉ាង​ហាក់ដូចជាមិនសមប្រកបសោះ ពេលត្រឡប់មកផ្ទះវិញក្រោយពេលញាំអីហើយខ្ញុំជិះម៉ូតូយ៉ាងលឿនព្រោះយប់បន្តិចហើយ ម្យ៉ាងជាស្រីមកតាមផ្លូវម្នាក់​ឯង​ហើយផ្ទះឆ្ងាយផង​ ក្រោយពីធ្វើដំណើរឆ្លងកាត់ស្ពានស្ទឹងមានជ័យបន្តិចស្រាប់តែមានកង់មួយមិនដឹងចេញពីទីណាមកទេហើយក៏គ្មានសញ្ញាអីក៏ឆ្លង​វែងយ៉ាងលឿនកាត់មុខម៉ូតូខ្ញុំបើកុំតែខ្ញុំចាប់ហ្រ្វាំងទាន់មិនដឹងថាយ៉ាងណាទេ ក៏រាប់ទុកថាជាសំណាងល្អមួយដែរ ដែលគ្មានឡានមកពីក្រោយទើបខ្ញុំអាច​មកដល់ផ្ទះដោយសុវត្ថិភាព។ វាពិតជារឿងហួសចិត្តសំរាប់ខ្ញុំមែន………..

 

រូបថតថ្មី! ខែ​កុម្ភៈ 8, 2010

Filed under: អំពីខ្ញុំ — សុផានី @ 9:03 ព្រឹក

សួស្តីមិត្រទាំងអស់គ្នា!​បែកគ្នាមួយរយៈ​សុខសប្បាយជាទេ?

ថ្ងៃនេះ ខ្ញុំមានរូបថតថ្មីចង់បង្ហាញដល់អ្នកទាំងអស់គ្នា។

កាលពីសបា្តហ៏មុនខ្ញុំបានទៅចូលរួមពិធីអាពាហ៏ពិពាហ៏មិត្រភ័ត្រ្តនៅឯខេត្តកំពង់ចាម។​ទាំងនេះគឺជារូបថតក្នុងពិធី…

 

ពត៌មានផ្ទាល់ខ្លួន ខែវិច្ឆិកា 12, 2009

Filed under: អំពីខ្ញុំ — សុផានី @ 7:32 ព្រឹក

សួស្តី អ្នកទាំងអស់គ្នា‌!

នាងខ្ញុំឈ្មោះសុផានី នាងខ្ញុំមានសេចក្តីសោមន្សរីករាយណាស់ដោយបានចូលរួមជាមួយ

អ្នកទាំងអស់គ្នា។

បច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ហើយក៍ជាបុគ្គលិកបំរើការងារ

ក្នុងក្រុមហ៊ុន INDOCHINA STAR CO.,LTD. ដែលជាក្រុមហ៊ុនបំរើសេវាកម្មនាំចេញ នាំចូល។

រូបភាពក្នុងការិយាល័យ

បើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចំពោះសេវាកម្មក្រុមហ៊ុននាងខ្ញុំ សូមទំនាក់ទនងអាស័យដ្ឋាន៖៖

#155Eo, ST. 430, SANGKAT TOMNUP TEOK
KHAN CHAMKARMON PHNOM PENH CAMBODIA
TEL: (855) 23 210 740    Fax: (855) 23 210 742
E-mail: isscam@online.com.kh

យើងខ្ញុំរង់ចាំស្វាគមន៍ដោយក្តីរីករាយ។

សូមអរគុណ!​

សុផានី

 

ថ្ងៃ 02 មករា​ 2009 ខែវិច្ឆិកា 11, 2009

Filed under: អំពីខ្ញុំ — សុផានី @ 4:31 ព្រឹក

រូបភាពខាងក្រោមនាងខ្ញុំបានថតនៅខេត្តមណ្ឌលគិរី ដែលនាងខ្ញុំផ្តិតយកនូវតំបន់ទេសចរណ៍

សំខាន់ៗ ដូចជា ទឹកជ្រោះប៊ូស្រា ភ្នំសមុទ្រឈើ ជ្រៃយស់ជាដើម…សូមចូលរួមជាមួយខ្ញុំទាំងអស់គ្នា។

 

ថ្ងៃ01 មករា 2009 ខែតុលា 21, 2009

Filed under: អំពីខ្ញុំ — សុផានី @ 6:16 ព្រឹក

រូបភាពទាំអស់នេះ គឺជារូបភាពដែលខ្ញុំចូលរួមក្នុងពិធីមង្គលការរបស់ប្អូនជីដូនមួយរបស់ខ្ញុំ។